អាជ្ញាធរប្រេស៊ីលបានទុកពេល ឲ្យអតីតរដ្ឋមន្ត្រីយុត្តិធម៌ និងជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី ចែរ បូលសូណារ៉ូ បីថ្ងៃ ដើម្បីត្រឡប់ទៅប្រទេសវិញ ឬ ប្រឈមមុខនឹងការធ្វើបត្យាប័នពីសហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលកំពុងតាមរក អ្នកទទួលខុសត្រូវចំពោះកុប្បកម្មស្តាំជ្រុល ក្នុងរដ្ឋធានីកាលពីចុងសប្តាហ៍មុន។
តុលាការកំពូលប្រេស៊ីលបានបញ្ជាឱ្យចាប់ខ្លួន អេនដឺសាន់ ថឺរេស ពាក់ព័ន្ធនឹងកុបកម្មនៅ ប្រេស៊ីឡៀ កាលពីថ្ងៃទី៨ ខែមករា នៅពេលដែលអ្នកគាំទ្រលោក បូលសូណារ៉ូ រាប់ពាន់នាក់ បានសម្រុកចូលសភា តុលាការកំពូល និងវិមានប្រធានាធិបតី ដើម្បីលុបចោលលទ្ធផលបោះឆ្នោតនៅខែតុលា។
រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លូអ៊ី អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីវ៉ា បានសន្យាស៊ើបអង្កេត អ្នកជួយហិរញ្ញវត្ថុ និងរៀបចំផែនការវាយប្រហារលើ
ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេស។
លោកបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនមិនទាន់បង្ហាញសំណើធ្វើបត្យាប័នអាមេរិកសម្រាប់ ថឺរេស នៅឡើយទេ។
ទោះយ៉ាងណា រដ្ឋអាជ្ញាសហព័ន្ធកាលពីថ្ងៃសុក្រ បានស្នើឱ្យតុលាការកំពូលដាក់បញ្ចូល បូលសូណារ៉ូ ទៅក្នុងបញ្ជីមនុស្ស ដែលកំពុងស៊ើបអង្កេត បន្ទាប់ពីគាត់បានបង្ហោះវីដេអូ “សួរអំពីភាពទៀងទាត់នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២”៕
ប្រែសម្រួលដោយ: ជ ង៉ា