ត្បូងឃ្មុំ ៖ “គិតរហូតមកដល់ព្រឹកថ្ងៃទី ២៥កក្កដា ឆ្នាំ២០២៤ ច្រាំងទន្លេនៅចំណុចទួលគរ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មិនបង្កឲ្យមានផលប៉ះពាល់លំនៅឋានពលរដ្ឋផ្សេងទៀតនោះទេ” “នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកភិន ឈុន មេឃុំទន្លេបិទ ។ តែអាជ្ញាធរមូលដ្ឋានកំពុងតែតាមដានមើលកម្ពស់ទឹកទន្លេជាប់ជាប្រចាំ ចំពោះកម្រិតដែលប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះមិនទាន់ដល់នៅឡើយ។
សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកឡេីង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាឳ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើជូនប្រជាពលរដ្ឋភ្លាមៗ យកទៅសាងសង់នៅកន្លែងថ្មីឆ្ងាយពីច្រាំងទន្លេនិងមានសុវត្ថិភាព ដែលមានចំនួនបីផ្ទះ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះទៅសួរសុទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ ។ ជាមួយនឹងការចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ខាងលើនេះឯកឧត្តមអភិបាលខេត្តក៏បាននែនាំដល់អភិបាលស្រុកត្បូងឃ្មុំ ពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាល់ទុក្ខលំបាក់ពួកគាត់បានក្នុងគ្រាមានអាសន្ននេះផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានា ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។
គួរបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ច្រាំងទន្លេបានបាក់ស្រុតចូលទន្លេជាបន្តបន្ទាប់ ដោយគ្រួសារខ្លះបានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញ ទៅរស់នៅកន្លែងផ្សេង ខណៈឆ្នាំនេះច្រាំងនៅតែបន្តបាក់ ធ្វើឳ្យមានផ្ទះចំនួន ៣ខ្នងបន្ថែមទៀតត្រូវរុះរើចេញដើម្បីកុំឳ្យមានគ្រោះថ្នាក់។ អាជ្ញាធរឃុំទន្លេបិទ បានឲ្យមេភូមិទួលគរនិងទួលខ្សាច់បន្តតាមដានមើលស្ថានភាពទឹកទន្លេបើបន្តហក់ឡើងធ្វើឲ្យបាក់ច្រាំងនោះត្រូវតែរាយការណ៍មកឃុំ ដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តក្នុងករណីប៉ះពាល់លំនៅដ្ឋានពលរដ្ឋផ្សេងទៀតនោះ៕






