ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរ៉ឹង ពួកមេខ្យល់ ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក។
ឯកឧត្តម បានអំពាវ នាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន ។ ការអំពាវនាវនេះធ្វើឡើងកាលពីរសៀលម្សិលម៉ិញ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម ងួន រតន: អភិបាល ខេត្ត បាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡី ស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធ ភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។
ឯកឧត្តមបណ្ឌិត បានបន្តថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសមួយនេះ កំពុងមានឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយ ចំនួន នៃជំងឺកូវីដ១៩។
ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគ មន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់ ៕






