(ភ្នំពេញ)៖ ក្នុងសំណេរមួយដ៏វែងអន្លាយ ពលរដ្ឋខ្មែរម្នាក់ឈ្មោះ «សា គ្រីម៉ាស់» ដែលកំពុងរស់នៅប្រទេសបារាំង បានបកអាក្រាតអំពីកង្វះខាតម៉ាស ទឹកលាងដៃ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលអ្នកជំងឺកូវីដមានចំនួនកាន់តែច្រើនឡើង។
មិនតែប៉ុណ្ណោះ ស្រ្តីរូបនោះអះអាងថា នៅអឺរ៉ុបគ្រូពេទ្យមិនបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺទេ ហើយនៅតាមន្ទីរពេទ្យ កំពុងតែខ្វះខាតគ្រែ និងបន្ទប់សម្រាកព្យាបាលផងដែរ។
ស្ដ្រីនៅបារាំងរូនោះសរសេរក្នុងទំព័រហ្វេសប៊ុកថា គាត់រកទិញម៉ាស និងទឹកលាងដៃ ស្ទើរពេញក្រុង ដើរសួរតាមហ្វាម៉ាស៊ីគឺគ្មានសោះ។
នៅមន្ទីរពេទ្យត្រូវការម៉ាស់ការពាររាប់លានទើបគ្រប់នោះ។ អ្នករស់នៅស្រុកខ្មែរ គឺល្អប្រសើរហើយ ដែលរដ្ឋាភិបាល កំពុងទប់ស្កាត់ និងតាមដានព្យាបាលអ្នកជំងឺកូវីដ១៩យ៉ាងដិតដល់នោះ។
ចំណែកនៅអឺរ៉ុបនេះវិញ នរណាឈឺល្មមៗ ដេកផ្ទះព្យាបាលខ្លួនឯង ទិញថ្នាំលេបខ្លួនឯង។
ស្ត្រីរូបនោះសរសេរបន្តថា សម័យកូរ៉ូណា គឺពិតជាពិបាករកគ្រូពេទ្យពិនិត្យជំងឺណាស់។ ឈឺ តេហៅឡានពេទ្យក៏គេមិនមកយកដែរបើនៅមានដង្ហើម។
ឈឺល្មមៗអាចដកដង្ហើមបាន នៅផ្ទះលេបថ្នាំជាខ្លួនឯង តែបើឈឺខ្លាំងដកដង្ហើមពិបាកមែនទែន គិតថាទប់លែងរួចតេហៅឡានពេទ្យប្រហែលគេមកយកទៅព្យាបាល ឬក៏ស្លាប់ក្នុងផ្ទះ ឬក្នុងឡានពេទ្យតែម្តង។ គេមិនទទួលទេអ្នកជំងឺល្មមៗ ព្រោះនៅមន្ទីរពេទ្យគេទុកសម្រាប់តែអ្នកឈឺខ្លាំង គេខ្វះខាតគ្រែដេក បន្ទប់មិនគ្រប់គ្នា។
គឺពិបាកចិត្តណាស់ពេលឈឺក្នុងសម័យកូវីដនេះ។
គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅអឺរ៉ុប កំពុងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងជាង៣សែននាក់ ក្នុងនោះជាង៨ពាន់នាក់បានស្លាប់ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងកូវីដ១៩ ជាង១.២សែននាក់ ក្នុងនោះមនុស្សជាង១.១ម៉ឺននាក់បានស្លាប់ ប្រទេសអ៉ីតាលី មានអ្នកឆ្លងជាង១សែន២ម៉ឺននាក់ ក្នុងនោះមានអ្នកជំងឺជាង១ម៉ឺន៥ពាន់នាក់បានស្លាប់ ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លង៩ម៉ឺននាក់ ក្នុងនោះមានជាង១ពាន់៤រយនាក់ស្លាប់ ខណៈដែលប្រទេសបារាំងមានអ្នកឆ្លងជិត៩ម៉ឺននាក់ ក្នុងនោះមាន៧ពាន់៥រយនាក់ស្លាប់។
ប្រទេសទាំងនោះ កំពុងប្រឈមជាមួយនឹងកង្វះខាតសម្ភារៈវេជ្ជសាស្រ្ត និងសម្ភារៈការពារជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាផងដែរ។
ទន្ទឹមគ្នានឹងការលាតត្រដាងភាពទន់ខ្សោយ និងការបាត់ភាពម្ចាស់ការនៅអឺរ៉ុប ស្រ្តីខាងលើនេះ ក៏អំពានាវឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា យកចិត្តទុកដាក់មើលថែសុខភាព និងការពារខ្លួនកុំឱ្យមានការឆ្លងធ្ងន់ធ្ងរដូចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១១៤ករណី ក្នុងនោះមាន៥០ករណី បានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៦៤នាក់ប៉ុណ្ណោះ៕






