(ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។
នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អគ្គស្នងការរង នគរបាលជាតិ បញ្ជាក់ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។
កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕





