មនុស្សជិត១,០០០នាក់ បានស្លាប់ដោយសារជំងឺ គ្រុនឈាម នៅក្នុងប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអាជ្ញាធរនិយាយថា ជាការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរបំផុត របស់ប្រទេស។ ខ្យល់មូសុងសើមខុសពីធម្មតា បានបង្កភាពងាយស្រួលដល់មូសចម្លងមេរោគគ្រុនឈាម បង្កាត់ពូជក្នុងទឹកកខ្វក់។
មន្ត្រីបានព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ហើយមន្ទីរពេទ្យត្រូវរងការរិះគន់យ៉ាងខ្លាំង។ ក្នុងករណីធ្ងន់ធ្ងរជំងឺគ្រុនឈាមបង្កឱ្យមានការហូរឈាមខាងក្នុងដែលអាចបណ្ដាលឱ្យស្លាប់។
គ្រុនឈាមធ្លាប់ជា ជំងឺតាមរដូវក្នុងប្រទេសបង់ក្លាដែស ប៉ុន្តែដោយសារខ្យល់មូសុងក្តៅ និងសើម នាំមកដោយការប្រែប្រួលអាកាសធាតុ វាបាននិងកំពុងកើតឡើងញឹកញាប់ ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ២០០០។
មន្ត្រីសុខាភិបា លសាធារណៈបាននិយាយថារលកនៃការឆ្លងនាពេលបច្ចុប្បន្ននេះបានធ្វើឱ្យប្រទេសនេះមានការប្រុងប្រយ័ត្ន ព្រោះវាបណ្តាលមកពីវីរុសកាន់តែខ្លាំងក្លា។
វេជ្ជបណ្ឌិតបានកត់សម្គាល់ថា ស្ថានភាពអ្នកជំងឺគ្រុន ឈាមបច្ចុប្បន្ន កាន់តែយ៉ាប់យ៉ឺនលឿនបើធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ។
មន្ត្រីបាននិយាយថា មនុស្សរហូតដល់ ២០ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមជារៀងរាល់ថ្ងៃក្នុងរយៈពេល ២ ខែចុងក្រោយនេះ ហើយចំនួនអ្នកស្លាប់នៅឆ្នាំនេះបានលើសពីចំនួនសរុបក្នុង រយៈពេល ២២ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






