ខែកក្កដា ឆ្នាំ ២០២៣ គឺក្តៅជាងខែផ្សេងទៀតនៅក្នុងកំណត់ត្រាសីតុណ្ហភាពពិភពលោកចាប់តាំងពីឆ្នាំ ១៨៨០ នេះបើយោងតាមវិទ្យាស្ថាន GISS របស់ NASA កាលពីថ្ងៃចន្ទ។
លោក ហ្គាវិន ស្មិត (Gavin Schmidt) នាយកវិទ្យាស្ថាន GISS បាននិយាយថា ខែកក្កដានេះ មិនត្រឹមតែក្តៅជាងខែកក្កដាមុនៗ នោះទេវាគឺជាខែ ក្តៅបំផុតនៅក្នុងកំណត់ត្រា បើត្រលប់ទៅឆ្នាំ១៨៨០។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារនេះ ខែកក្កដាគឺ ០.២៤ អង្សាសេក្តៅជាងខែកក្កដាផ្សេងទៀត នៅក្នុងកំណត់ត្រា និង ១.១៨ អង្សាសេក្តៅជាងសីតុណ្ហភាពខែកក្កដាជាមធ្យមរវាងឆ្នាំ ១៩៥១ និង ១៩៨០។
ជាងនេះទៅទៀត ខែកក្កដា ដែលក្តៅបំផុតទាំងប្រាំ ដែលមិនធ្លាប់មានទាំងអស់បានកើតឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
ផ្នែកខ្លះនៃអាមេរិកខាងត្បូង អាហ្រ្វិកខាងជើង អាមេរិកខាងជើង និងឧបទ្វីបអង់តាក់ទិកមានអាកាសធាតុក្តៅខ្លាំង ដោយជួបប្រទះនឹងការកើនឡើងសីតុណ្ហភាពប្រហែល ៤ អង្សាសេលើសពីមធ្យមភាគ។ ទិន្នន័យរបស់អង្គការ NASA បានបង្ហាញថា សីតុណ្ហភាពលើផ្ទៃសមុទ្រខ្ពស់ បានរួមចំណែកដល់ការឡើងកំដៅ ក្នុងកំណត់ត្រាខែកក្កដា ជាពិសេសសីតុណ្ហភាពក្តៅក្នុងមហាសមុទ្រនៅតំបន់ត្រូពិចភាគខាងកើតប៉ាស៊ីហ្វិក៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






