(ខេត្តក្រចេះ,ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១)៖ មន្ត្រីជំនាញសាខា ក.ប.ប ខេត្តក្រចេះ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មន្ត្រីជំនាសាខា ក.ប.ប ខេត្ត និងមានការចូលរួម ពីសំណាក់មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ បានចុះត្រួតពិនិត្យមុខទំនិញហួសសុពលភាពប្រើប្រាស់ និងអាល់កុលក្លែងក្លាយ ដែលក្រុមអាជីវករបានដាក់តាំងលក់នៅតាមឱសថស្ថាននានានៅជុំវិញផ្សារក្រុងក្រចេះ។
ជាមួយនិងការចុះត្រួតពិនិត្យមុខទំនិញ គ្រឿងឧបភោគបរិភោគ និងអាល់កុល នៅតាមបណ្តាដេប៉ូចែកចាយ ឱសថស្ថាន និង ម៉ាត ក្នុងក្រុងក្រចេះ នៅថ្ងៃទី១៩ខែសីហានេះ មន្ត្រីជំនាញសាខាក.ប.ប ខេត្តក្រចេះ ពុំបានរកឃើញមុខទំនិញល្មើស(ទំនិញហួសសុពលភាពប្រើប្រាស់ និងអាល់កុលក្លែងក្លាយ)នោះទេ។
ប្រធានសាខា ក.ប.ប ខេត្តក្រចេះ លោក លាង បូរ៉ា បានឱ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើតេស្តវិភាគបឋមទៅលើគំរូអាល់កុល ជាច្រើនប្រភេទ ជាពិសេសមុខទំនិញដែលដាក់តាំងលក់នៅតាម ម៉ាត និងកន្លែងបោះដុំ តែមន្ត្រីជំនាញរកពុំឃើញមុខទំនិញណាមួយ ដែលហួសសុពលភាពប្រើប្រាស់នោះទេ។ លោកថា ក្រៅពីពិនិត្យមុខទំនិញមន្ត្រីជំនាញក៏បាន ចែកខិត
ប័ណ្ណ អប់រំសុខភាព បិទនៅតាមហាងលកើទំនិញ ដើម្បីឱ្យអតិថិជនបានឃើញនិងស្វែងយល់ពីមុខទំនិញដែលខូចគុណភាព។
លោក លាង បូរ៉ា ប្រធានសាខា ក.ប.ប ខេត្តក្រចេះ បានបន្តថា អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងនេះ ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ និងជាហេតុនាំឱ្យឈ្មួញមួយចំនួនឆ្លៀតឱកាស បន្លំយកសារធាតុមេតាណុល មកលក់ជូនប្រជាពលរដ្ឋ ទើបមន្ត្រីជំនាញតែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់បងប្អូនអាជីវករទាំងអស់ចូលរួមលប់បំបាត់ភាពអសកម្មនិងគោរពអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្ករផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយមណ្ឌល កែវ)







