ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ សរុបប្រមាណ៥៨០នាក់ និងបានផ្តល់រង្វាន់ម៉ូតូ Wave ចំនួន១៤គ្រឿង ដល់សិស្សដែលទទួលបាននិទ្ទេស A នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។
ថ្លែងក្នុងជំនួបសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើចំពោះប្អូនៗសិស្សានុ សិស្សដែលមានអត្រាប្រឡងជាប់កើនដល់ ៧២% ក្នុងឆ្នាំ២០២២ បើធៀបទៅឆ្នាំ២០២១ អត្រាជាប់មានត្រឹម ៦១% ប៉ុណ្ណោះ មានន័យថាកើនឡើង ១១%។
ឯកឧត្តម មានប្រសាសន៍ជំរុញលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ត្រូវខិតខំរៀនឱ្យចេះ រៀនឱ្យពូកែ ថែរក្សាសុខភាពឱ្យបានល្អ និងមានគោលដៅច្បាស់លាស់លើការជ្រើសរើសមុខវិជ្ជាជំនាញសិក្សានៅមហាវិទ្យាល័យ ហើយនៅពេលបញ្ចប់ការសិក្សាត្រូវយកចំណេះដែលមានមកជួយការងារសង្គម និងជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្អូនៗសិស្សា នុសិស្សយ៉ាងដូច្នេះថា៖ គ្មានអ្វីសំខាន់ជាងមានចំណេះដឹង ដើម្បីអាចយកមកអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតនោះឡើយ ហើយក្នុងសម័យបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ គឺត្រូវការអ្នកមានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ផ្ទុយពីសម័យប៉ុលពត ដែលពួកគេមិនត្រូវការអ្នកមានចំណេះ វិជ្ជាឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរៀបរាប់ពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមស្នាដៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសមិទ្ធ ផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន តួយ៉ាងលើវិស័យសាធារណការ និងដឹកជញ្ជូនសព្វថ្ងៃ ក្រសួងបានធ្វើការអភិវឌ្ឍលេចចេញជាសមិទ្ធផលគួរជាទីមោទនៈ មានហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ខ្វាត់ខ្វែង ។ល។
ជាសក្ខីភាពនៅក្នុងស្រុកកោះធំជាក់ស្តែង មានផ្លូវបេតុងស្ទើរគ្រប់ភូមិ ឃុំ រួមទាំងសាលារៀន វត្តអារាម មន្ទីរពេទ្យតេជោសែនកោះធំ ដែលនឺងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕






