ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ព្រមទាំងធ្វើការដក ហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨
នៅចំណុចផ្លូវរណបមុខភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ជួប ថុនា ហៅស្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ), និង
ទី២-ឈ្មោះ សឿន ស្រីនិច ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
រីឯវត្ថុតាងដែលដកហូតបានពីជនសង្ស័យមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន០៦កញ្ចប់ មធ្យម, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង និងឧបករណ៍វិចខ្ចប់ ប្រើប្រាស់ថ្នាំ ញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយថា ថ្នាំញៀននេះពួកខ្លួនបានទិញពីឈ្មោះ ជួន ស៊ីថា
ហៅញ៉ាញ់ ភេទប្រុស នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងតំលៃ១០ម៉ឺនរៀល
ដើម្បីយកមកលក់ចែកចាយបន្ត ហើយពួកគេបានចាប់ផ្ដើមលក់ប្រហែល១ខែកន្លងមកហើយ។
ដោយមានបទបញ្ជាពី ឯកឧត្ដមស្នងការ និងមានការដឹកនាំសម្រប សម្រួលពីលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែន ប្រឆាំងបទល្មើស និងមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេរបន្ទប់ឈ្មោះ ជួន ស៊ីថា ហៅញ៉ាញ់ រកឃើញឧបករណ៏ប្រើប្រាស់ថ្នាំញៀននិងថង់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ដាំ ជា








