ប៉ោយប៉ែត ៖ បន្ទាប់ពីព្រះអនុគណក្រុងប៉ោយប៉ែតចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្រិល វណ្ណាហៅ អៀម វណ្ណា នឹងត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីការពារសុវត្ថិភាពបានប៉ុន្មានម៉ោងនោះ សមត្ថកិច្ចបាន អនុញ្ញាតឲ្យអន្ទិតរូបនេះបានវិលត្រឡប់ទៅផ្ទះវិញ នាវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃចាប់ផ្សឹក ហើយដែរ។
លោក សិទ្ធ ឡោះ ស្នងការងរងនគរបាលខេត្តបណ្ទាយមានជ័យបញ្ជាក់ថា ចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុង សិរីសោភ័ណឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកមកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មិនមែនឃាត់ខ្លួននោះទេ គឺដឹកគាត់ចេញពីហ្វូងមនុស្សដែលចង់ប្រើហិង្សានៅក្បែរព្រះវិហារ ជាកន្លែង ផ្សឹកហើយ មកដល់ពេលនេះឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ត្រូវបានប្រគល់ជូនមន្ទីរធម្មការ និងសាសនា ឲ្យត្រឡប់ ទៅវិញហើយដើម្បីទៅពិនិត្យសម្ភារៈក្នុងកុដិវត្តភ្នំបាក់លើ។ ចំពោះការដោះលែងទៅវិញនេះ គឺដោយយោងគ្មានពាក្យ បណ្តឹង ពីដើមបណ្តឹង ។
លោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ យិន យឿន ឲ្យដឹថា ក្រោយពេលផ្សឹកចៅអធិការវត្តភ្នំបាក់លើ ដែលបរាជិកដោយចោទប្រកាន់ពីស្ត្រីឈ្មោះ កាយ វិតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត បានចោទថាបានចាប់នាងរំលោភ បានសម្រេចនិងគម្រាមហើយត្រូវមន្ត្រីធម្មការនិងសាសនាខេត្តរួមជាមួយមន្ត្រីសង្ឃផ្សឹក រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តសុមាធិផលស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្រោយពេលផ្សឹកចៅអធិការវត្តភ្នំបាក់លើ គេឃើញប្រជាពលរដ្ឋជាច្រើនបានចោមរោមបម្រុងប្រើហិង្សា ហើយដោយមាន ការព្រួយបារម្ភខ្លាចផ្ទុះហិង្សារកើតឡើង និងការពារសុវត្ថិភាព កម្លាំងនគរបាលស្នងការនគរបាលខេត្តប្រមាណ១០នាក់ ការពារយកឡើងរថយន្តដឹកមកស្នងការដ្ឋាននគរបាលខេត្តតែម្តងទៅ ។
នៅសៀលថ្ងៃដដែលមន្ត្រីធម្មការ និងសាសនា រួមជាមួយមន្ត្រីសង្ឃក្នុងខេត្តបន្ទាយមានជ័យបាននាំខ្លួនឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ទៅវត្តភ្នំបាក់លើដើម្បីធ្វើត្រួតពិនិត្យសម្ភារៈផ្ទាល់ខ្លួនត្រូវបានប្រគល់ជូនយកទៅផ្ទះវិញហើយ វត្តនេះត្រូវ បានតែងតាំងបណ្តោះអាសន្ននូវចៅអធិការវត្តភ្នំបាក់លើព្រះនាម សុភា ទិត្យ (សាមណេរ) ដែលបួស៥វស្សាមកហើយនៅ វត្តភ្នំបាក់លើ ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។
ប្រភពមួយបានឲ្យដឹងថា ក្រោយពីផ្ទុះរឿងបង្ហោះរូបភាពចៅអធិការវត្តភ្នំបាក់លើមានរូបស្និតស្នាលជាមួយស្ត្រីដើមចោទ ហើយរូបភាពជាច្រើនសន្លឹកដែលប៉ះពាល់សាសនា ធ្វើឲ្យភាគីនារីឈ្មោះ កាយ វិតា គ្រោងប្តឹងសង្ឃអង្គនេះតែត្រូវបាន ចាស់ទុំសម្របសម្រួលសុំកុំឲ្យប្តឹងដើម្បីទុកជជែកគ្នារកដំណោះស្រាយបន្តទៀត ទើបសមត្ថកិច្ចមិនចាត់ការតាមច្បាប់ ព្រោះគ្មានពាក្យបណ្តឹង និងបានអនុញ្ញាត ឲ្យអន្ទិត បានវិលត្រឡប់ទៅផ្ទះវិញ។
ចំណែកខាងស្រីឈ្មោះ លីតា ដែលជាក្មេងស្រីវ័យ១៩ឆ្នាំ បានអះអាងថា នាងបង្ហោះរូបភាព និងវិដេអូកៀកកើយរវាងនាង និងសង្ឃបរាជិក ដោយសារតែខាងសង្ឃអង្គនោះព្យាយាមគេចពីនាង និងបិទទូរស័ព្ទមិនព្រមឆ្លើយឆ្លងគ្នា ។ នាងទាមទារ ឲ្យថ្នាក់ដឹកនាំសង្ឃចាប់លោកនោះផ្សឹក ហើយនាងប្តឹងពីបទរំលោភ និងគំរាម ប៉ុន្តែដោយចាស់ទុំសម្របសម្រួល ទើបក្រុម គ្រួសារពិចារណាមិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយ៕
យ៉ាងណាទាក់ទិនរឿងនេះគេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងក្រុមនានាមានគេបង្ហោះរូបភាព Troll ជាច្រើន ពាក់ព័ន្ធករណីព្រះសង្ឃ ស្រិល វណ្ណា ហៅ អៀម វណ្ណា ឆាន់ពោតជាមួយស្រីស្នេហ៍ ហើយកើតជារឿងរ៉ាវ ឈានដល់ចាប់ ផ្សឹកព្រះសង្ឃបរាជិកនោះ។ នៅមានរូបភាពជាច្រើនទៀត ត្រូវបានគេបង្ហោះឡើងរួមមាន៖ “ពោត ជាអាវុធប្រល័យលោក” ហូបពោតខុសបច្ចេកទេស “អ្នកវិទ្យាសាស្ត្រវ័យក្មេង ជាអ្នករកឃើញអាវុធប្រល័យលោក គឺកញ្ញា លីតា” “ផ្អាកឆាន់ពោតមួយរយៈ” “ស៊ីពោតស្ងោរ អាចនាំឲ្យខូចអនាគត ដូច្នេះមុននឹងស៊ី ត្រូវចេះប្រុងប្រយ័ត្ន” “តើមួយណាជាអាវុធប្រល័យលោក?” “កញ្ញា លីតា ស្ថាបនិករកឃើញអាវុធប្រល័យលោក” ជាដើម។ វណ្ណា