អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ កក្កដានេះ បានទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ-១៩ ពីមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំប្រទេសកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ សូមជម្រាបថា សម្ភារអគ្គនាយកដ្ឋានពន្ធនាគារទទួលនាពេលនេះ រួមមាន៖ សាប៊ូដុំ ៥.០៤០ដុំ ,សាប៊ូម្សៅ ២.៩៤០កញ្ជប់ ,ថ្នាំដុសធ្នេញ ៧៦៨ដុំ ,ច្រាស់ដុសធ្មេញ ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី ១.០៨០កញ្ចប់ សម្រាប់ផ្ដល់ជូនពន្ធនាគារ រាជធានី-ខេត្ត។
ឯកឧត្តម ចាន់ គីមសេង បញ្ជាក់ថា ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារនៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។
ឯកឧត្តមជឿជាក់ថា អង្គការយូនីសេហ្វ និងUNOHCHR នឹងបន្ដកិច្ចសហការយ៉ាងល្អបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារដែលនាំមកនូវផលប្រយោជន៍ក្នុងវិស័យ ពន្ធនាគារនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យពន្ធនាគារនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការគ្រប់គ្រងយ៉ាងល្អ ស្របតាមពាក្យ ស្លោក «សន្ដិសុខ សុខភាព និងមនុស្សធម៌»។
លោក JALLAA ABDELWAHAB អនុប្រធានមូលនិធិ អង្គការសហប្រជាជាតិ ដើម្បីកុមារ (យូនីសេហ្វ) បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការងារជួយកុមារ ក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារផងដែរ។ លោកបានបន្ថែមថា ផលប៉ះពាល់ទាំងនោះ មានរយៈពេលវែង និងខ្លី ប៉ុន្តែជាការពិតណាស់ យូនីសេហ្វ បានទទួល ការគាំទ្រពីជំនួយរបស់ សហរដ្ឋាអាមេរិក រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបា លចិន ដើម្បីទិញសម្ភារយកមកចែកជូនពន្ធនាគារនៅប្រទេសកម្ពុជា។
លោកថា យូនីសេហ្វ នឹងបន្ដទិញសម្ភារបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ ឆ្លងទៅដល់អ្នកជាប់ឃុំខ្លួនក្នុងពន្ធនាគារ៕