ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និង ឯកឧត្តម អ៊ូអីណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបប្រមាណ ៦០០ នាក់។
ឯកឧត្ដមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។ ក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំងផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ឆ្ពោះទៅស្រុកលើកដែក ផ្លូវជាតិលេខ ១៤ ។
សូមបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង ១៨ម៉ែត្រ សាងសង់ឡើងមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន (គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស “ជំនួយគូសាណូណិ”) ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ បើកការដ្ឋាននៅថ្ងៃទី១១ មីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។
ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋម សិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់ តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ចប់ការ សាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឱ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕






