(ខេត្តកំពង់ចាម,ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២០)៖ ឈើអារ១គំនរត្រូវបានគេប្រទះឃើញនៅត្រង់ចំណុចស្ពានបេតុងត្រើង ក្នុងភូមិខែលជ័យ ឃុំអូរស្វាយស្រុកកំពង់សៀម នៅវេលាយប់ទៀបភ្លឺព្រឹកថ្ងៃទី៧ មិថុនា ២០២០។
បង្កឲ្យមានការភ្ញាក់ ផ្អើលដល់កម្លាំងនគរបាលស្រុកកំពង់សៀមនិងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះពិនិត្យក្រែងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា: ក្រោយពីទទួលបានដឹងថាមានឈើអាត្រូវគេទម្លាក់ចោលនៅចំណុចស្ពានត្រើង រូបលោកកបានឲ្យមន្ត្រីក្រោមឱវាទចុះ ទៅត្រួតពិនិត្យ។និងបានរាយ ការណ៍មកការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្ត ឲ្យបានដឹងថា តើឈើទាំងនោះមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។
ហើយក៏មិនទាន់ដឹងថាឈើទាំងនោះមានប្រភពចេញមកពីណាដែរ។
មន្ត្រីនគរបាលស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថាពួកគាត់បាននាំគ្នាចុះមកចំណុចទីតាំងគំនរឈើនោះក្រែងមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងពីជម្លោះឈើអារបើសិនជាមាន
ជំលោះមែននោះសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធី។
លោកវរសេនីយ៍ឯកសេង ធារីនាយការិយាល័យផែនទីសេដ្ឋកិច្ចខេត្តប្រាប់ឲ្យដឹងថាឈើអារ ដែលគ្របទុកនៅក្នុងចម្ការស្វាយត្រង់ចំណុចស្ពានត្រើង រូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលតាមការណែនាំពីសំណាក់លោកស្នងការនគរបាលខេត្ត។ លុះពេលសួរនាំដឹងថាម្ចាស់ដេប៉ូឈើឈ្មោះឡាយ នៅភូមិខែលជ័យបានលក់ឈើទាំងនេះឲ្យមកឈ្មោះឡេង ដើម្បីមកធ្វើផ្ទះ។
ក្នុងពេលដែលមានកម្លាំងនគរបាលស្រុកកំពង់សៀមនិងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះមកពិនិត្យឈើអាទាំងនោះ។
បន្ទាប់មកគេបានឃើញបុរសឈ្មោះឡាយ ជាម្ចាស់ដេប៉ូឈើនៅក្នុងភូមិខែលជ័យ ជិះរថយ ន្តស៊េរីទំនើបពណ៌ស ១គ្រឿង បានមកដល់និងបានកាន់វិក័យបត្រទិញលក់ឈើបញ្ជាក់ថា ឈើពិតជាដឹកចេញពីកន្លែងរបស់លោក លក់ឲ្យបុរសឈ្មោះឡេង យកទៅធ្វើផ្ទះដោយមានភ្ជាប់វិក័យបត្រទិញឈើ៥x១៥ ជាង៤ម៉ែត្រ គីប អស់ថវិកាចំនួន ១.៤៧០.០០០រៀល។
ចំពោះមូលហេតុពេលមកដល់ត្រង់ចំណុចស្ពានបេតុង រថយន្តសាំយ៉ុងដឹកឈើឡើងទួលមិនរួចក៏រអិលថយក្រោយធ្លាក់ឈើចេញពីរថយន្តតែម្ដង។ជាមួយនោះក៏បានឱ្យកម្មករនាំគ្នាលើកឈើដាក់រថយន្ដផ្សេងដើម្បីដឹកទៅកាន់គោលដៅ។
លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងដែរថា ក្រោយពីទទួលបានមានករណីខាងលើនេះ ក៏បានឲ្យលោកពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះ ទៅពិនិត្យឈើនោះផងដែរ៕





