មូលនិធិអាស៊ី ប្តេជ្ញាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។
នេះជាការបញ្ជាក់របស់ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី ក្នុងឱកាសចូលជូបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិ បត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។
លោកស្រីប្រធានមូលនិធិអាស៊ី បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគោលបំណងរាយការណ៍នូវលទ្ធផលការងាររបស់មូលនិធិអាស៊ី កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបា ល។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។
កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីចង្វាក់ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល។
នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋ អាមេរិក បញ្រ្ជាបចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។
មូលនិធិអាស៊ី ក៏បានគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។
ក្នុងវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ីបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជារបាយការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេសគឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។
មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។
សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។
សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្រ្តដឹកនាំប្រទេសគឺ អាស្រ័យទៅតាមដំណាក់កាលរបស់ប្រទេស ទាំងស្ថានភាពផ្ទៃក្នុង និងស្ថានភាពខាងក្រៅ។ដោយ ឡែកនៅក្នុងដំណាក់កាលដំបូងដែលសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ដែលគោលដៅអាទិភាពបំផុតនៅពេលនោះគឺ៖ ទី១.សន្តិភាវូប នីយកម្មពេញផ្ទៃប្រទេស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ និងគ្មានការសងសឹកពីអតីតក្រុមប្រដាប់អាវុធណាមួយ, ទី២. ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិឱ្យបានលឿនបំផុត ដោយសម្តេចតេជោ ផ្តល់មូលហេតុថាអង្គការអន្តរជាតិ ទាំង UN, ASEAN, ចលនាមិនចូលបក្សសម្ព័ន្ធ (NAM), WTO ឬសូម្បីអង្គការ IAEA គឺសុទ្ធតែជាក្រោះជួយការពារ និងជួយពង្រឹងកម្ពុជាឱ្យឆាប់រីកចម្រើន ដូច្នេះកម្ពុជាមិនត្រូវខ្លាច អង្គការអន្តរជាតិ និងមិនត្រូវខ្វល់ពីការបង់ប្រាក់សមាជិក ភាពនោះទេ, ទី៣. ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងអន្តរជាតិ រាជរដ្ឋាភិបាលត្រូវប្រមូលកម្លាំងសរុបទាំងអស់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលលទ្ធផលគួរជាទីមោទនៈបំផុត ក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់អត្រា ១៣,៣% និងកើនលើស១០% រហូតដល់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
សម្តេចតេជោ ជឿជាក់ថា ជាការ សម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹងស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១នៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ៕






