(ខេត្តព្រះវិហារ,ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០)៖ យោធិនពីរគ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះកម្លាំងប្រមូលផលស្រូវ ដែលខិតខំដាំដុះនារដូវវស្សាកន្លងមកនោះ នៅក្នុងរដូវស្រូវទុំ ដួលរាបពេញស្រែ មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ទោ លៀង ឡេង , មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានដឹកនាំមន្ត្រីក្រោមឱវាទ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ចុះជួយច្រូតកាត់ ប្រមូលផលស្រូវឲ្យទាន់រដូវកាល និងដើម្បីសម្រាលការលំបាក ដល់គ្រួសារយោធិន ផងដែរ។
ការដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវទុំនោះ បានធ្វើឡើងរយៈពេល២ថ្ងៃ នៅចុងសប្តាហ៍មកនេះ គឺថ្ងៃសៅរ៍ទី១៤វិច្ឆិកា ចុះជួយច្រូតកាត់ដល់គ្រួសារយោធិន ស្ថិតនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងនៅថ្ងៃអាទិត្យទី១៥វិច្ឆិកាឆ្នាំ២០២០ ចុះជួយប្រមូលផលស្រូវ នៅភូមិត្រពាំងសង្កែខាងជើង ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ យោធិនទាំងពីរគ្រួសារ ដែលទទួលបានការយកចិត្តទុកដាក់ ពីប្រធានអង្គភាពខ្លួននោះ គឺ១គ្រួសារ ស្វាមីបម្រើការងារនៅក្នុងអង្គភាពវរៈសេនាតូចលេខ១ និង១គ្រួសារទៀត បម្រើការងារនៅក្នុងអង្គភាពវរៈសេនាតូចលេខ២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានមានប្រសាសន៍ថា ផ្ទៃដីកសិកម្មរបស់យោធិនទាំងពីរគ្រួសារ ដែលត្រូវបានចុះជួយច្រូតកាត់ ប្រមូលផលស្រូវទុំនាពេលនេះ មានជាច្រើនហិចតា និងដោយមើលឃើញ ពីការលំបាករបស់គ្រួសារកងទ័ពទាំងពីរ ក៏ដូចជាគ្រួសារកងទ័ពផ្សេងទៀតនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានឆក់យកពេលវេលាដ៏មានតម្លៃ នាថ្ងៃឈប់សម្រាកចុងសប្តាហ៍មកនេះ ដើម្បីដឹកនាំកម្លាំងចុះជួយច្រូតកាត់ និងការប្រមូលផលឲ្យទាន់រដូវកាល ព្រោះត្បិតពេលនេះស្រូវទុំដួលរាបពេញស្រែ ស្របពេលដែលគ្រួសារយោធិន កំពុងខ្វះកម្លាំងជួយប្រមូលផល ផងនោះដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ការចុះជួយប្រមូលផលស្រូវនេះ មិនមែនធ្វើឡើងចំពោះគ្រួសារយោធិនទាំងពីរគ្រួសារនេះទេ គឺនៅមានគ្រួសារយោធិនជាច្រើនទៀត នឹងត្រូវចុះជួយប្រមូលផល ច្រូតកាត់បោកបែនឲ្យទាន់រដូវកាលស្រូវទុំ ដោយត្រូវធ្វើជាបន្តបន្ទាប់ទៀត ។
យោធិនទាំងពីរគ្រួសារ បានសម្តែងសោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍មេបញ្ជាការ ក៏ដូចមិត្តរួមប្រដាប់អាវុធ ដែលជានាយទាហាន និងពលទាហានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចុះជួយសម្រួលការលំបាករបស់ពួកគេនៅក្នុងពេលនេះ សកម្មភាពនេះ លោកនឹងចងចាំជានិច្ច។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់យោធិនទាំងពីរគ្រួសារ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សូមកុំភ្លេចបង្កើនការអនាម័យឲ្យបានជាប់ជាប្រចាំ ដោយគ្រាន់តែអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល គឺត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស ឬក្រមា ត្រូវរស់នៅស្អាត ហូបទឹក និងចំណីអាហារឆ្អិនល្អ ត្រូវសម្អាតបរិស្ថានជុំវិញអង្គភាព និងលំនៅដ្ឋានរបស់ខ្លួនឲ្យបានល្អជានិច្ច ដើម្បីបន្តចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលជាសកល នាពេលនេះ៕
ដោយ៖សួនពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)






