ឯកឧត្តម ឃួង ស្រេង បានឱ្យមន្ត្រីនៃមន្ទីរធនធានទឹកនិងមឧតុនិយម និង រដ្ឋបាលខណ្ឌកំបូល រៀបចំស្ដារឡើងវិញនូវប្រឡាយមេដ៏សំខាន់ ចំនួនពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រគសយលាវ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាង លិចរាជធានីភ្នំពេញជាពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងក្នុងពេលដែលលោកអញ្ជើញចុះពិនិត្យមើលស្ថានភាព ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះនៅរសៀលថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២១ នេះថា ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ រូបលោកនិងមន្ត្រីនៃមន្ទីរធន ធានទឹកនិងឧតុនិយម បានសហការគ្នាយ៉ាងស្អិតរមួតធ្វើការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ដោយគិតមកដល់ពេលនេះយើងស្ដារបានប្រមាណជាង៤០ ភាគរយហើយ ហើយក៏គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនានេះផងដែរ។
លោកអភិបាលខណ្ឌកំបូល បានបញ្ជាក់ទៀតថា ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើងយើងកាយស្ដារទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែលកំពុងតែតែកាយស្ដានេះ គឺមានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។
លោក ឃឹម ស៊ុនសូដា ក៏បានឲ្យដឹងផងដែរថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូត ដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបាន បង្ករឲ្យមានការលិចលង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញជាពិសេសក្នុងទឹកដីខណ្ឌកំបូលនិងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នថ្នាក់ដឹក នាំ មន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹងការងារទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ19 ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូសំខាន់ៗនៅក្នុងទឹកដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រលាយសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវ វស្សានេះ អាចជួយកាត់បន្ថយការជន់លិចដោយជំនន់ទឹក ភ្លៀងបានប្រសើរជាងឆ្នាំកន្លងទៅ។
ដោយះ សំអាតនិងពិសិដ្ឋ






