សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ។ ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលឯកឧត្តមគិតថា ជាទំនាក់ទំនងមួយដែលស្ថិតនៅលើគន្លងមួយដែលល្អបំផុត។ ក្នុងន័យនេះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តកិច្ចសហការ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជា ពិសេសលើវិស័យសេដ្ឋកិច្ចការជំរុញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណ ទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់ សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងអំពីជម្លោះនៅអ៊ុយក្រែន ដោយសម្ដេចបានមានប្រសាសន៍ថា សង្គ្រាមជារឿងមួយហើយការដាក់ទណ្ឌ កម្មជារឿងមួយ ដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសរុស្ស៊ី និងឱ្យក្រែមប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់ដល់លើពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។
ទាក់ទងទៅនឹងករណីនៅប្រទេសមីយ៉ាម៉ាវិញ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជានោះ គឺក្នុងគោលបំណងដើម្បីឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមគន្លងលទ្ធិប្រជាធិប តេយ្យ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមក គឺបានប្រកាន់ភ្ជាប់នូវ វិធានការ៣ សំខាន់ៗទី១គឺការកាត់ បន្ថយ ឬបញ្ឈប់អំពើហិង្សាទី២ គឺការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងទី៣ ការបង្កបរិយាកាសសមស្របសម្រាប់ការសន្ទនា យោបាយរវាង ភាគីពាក់ព័ន្ធទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយចំពោះការកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំង៤រូប សម្ដេចតេជោបានមានប្រសាសន៍ ថាទោះបីជាក្នុងករណីយ៉ាងណាក៏ដោយ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជួយដោះ ស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសមីយ៉ាម៉ា អោយវិលត្រឡប់មករកភាពប្រក្រតីវិញ៕






