ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញ គឺជាប្រព័ន្ធមួយ ដែលត្រូវរួមចំណែកពេញមួយវដ្ដនៃជីវិតរបស់យើង រួមមាន កើត ចាស់ ឈឺ ស្លាប់ ហើយជាការឆ្លើយតប ដើម្បីឈានទៅរកប្រព័ន្ធសន្តិសុខសង្គមពេញលេញ ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគ មនិយោជក សហជីព និង តំណាងកម្មករនិយោជិតជាច្រើនរយនាក់នៅសណ្ឋា គារភ្នំពេញ។
នៅពេលចូលដល់វ័យធ្វើការ កម្មករនិយោជិតទទួលបានការធានារ៉ាប់រង ដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បង្ការពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុ ដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាល ការផ្តល់សេវាស្តារនីតិសម្បទា ប្រាក់បំណាច់ប្រចាំថ្ងៃពីការអាក់ខានការងារ ប្រាក់ធនលាភពីការបាត់បង់សមត្ថភាពបំពេញការងារ និងករណីជួបគ្រោះថ្នាក់ការងាររហូតបាត់បង់អាយុជីវិត គ្រួសារ ឬ អ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ។
បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ជាលទ្ធផលមានកម្មករនិយោជិតចំនួន១.០៧២ ៤២៥នាក់ បានទទួលការផ្សព្វផ្សាយ ដែលស្មើនឹង ៧៣% បើធៀបទៅនឹងសមាជិក ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ គឺស្មើនឹង១២៨%។
ឯកឧត្តមប្រតិភូសង្កត់ធ្ងន់ថា នេះជាភាពជោគជ័យ លើសពីផែនការដែលបានគ្រោងទុក.៕
ដោយ៖ សំអាត និង ពិសិដ្ឋ






