ADB បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មីមួយឈ្មោះថា “គម្រោងជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត ក្នុងគោលបំណងចម្បង គឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង ដើម្បីចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោ បាយអភិវឌ្ឍន៍មុខរបរនិងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
គម្រោងថ្មីនេះ ក៏ជម្រុញឱ្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង ផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាល ប្រាក់ឧបត្ថម្ភសិស្ស កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារផងដែរ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ Jyotsana Varma នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅទីស្តីការក្រសួងការងារ។
ឯកឧត្តម រដ្ឋមន្រ្តីវាយតម្លៃខ្ពស់ ចំពោះបេសកម្ម និង កិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់លោកជំទាវ ជាមួយរាជរដ្ឋាភិបាលកម្ពូជាពោលគឺតាំងពីកម្ពុជាមានសន្តិភាពពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ ក្នងភាពជាដៃគូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានវឌ្ឍនភាពប្រកបដោយផ្លែផ្កា។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគី ADB បន្តជួយជាជំនួយបច្ចេកទេស ផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការបន្តទៀត លើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានោះ លោកជំទាវនាយិកាប្រចាំប្រទេស មានប្រសាសន៍ថា នៅក្នុងដំណាក់កាលកូវីដ-១៩ ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឲ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ និងកសាងអនាគតរបស់ពួកគេឲ្យភ្លឺស្វាង។
យុវជនកម្ពូជាចាំបាច់ត្រូវមានការអភិវឌ្ឍចំណេះដឹងបន្ថែម ដើម្បីដើរឲ្យទាន់នូវការរីកចម្រើន នៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស។
ទាក់ទិននិងសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ឲ្យ ADB ផ្តល់ជំនួយបច្ចេក ទេស និងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ លោកជំទាវ រីករាយ និងទទួលយកសំណើទាំងនេះ ទៅជជែកពិភាក្សាជាមួយសហការីរបស់លោកជំទាវបន្ថែមទៀត៕ ដោយ៖ សំអាត និង ពិសិដ្ឋ







