ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៏ថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិត ផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើម ពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូក សរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុម ប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស គឺអ្វីដែលក្រសួងពាណិជ្ជ កម្មបានខិតខំ។
ជាពិសេសជាមួយប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំ ចេញទៅ កាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅ ក្នុងឆ្នាំ ២០២១។
ឯកឧត្តមជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែម ទៀត ដោយសារយើងមានមូល ដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន៤០ម៉ឺនតោន ដែលតាម រយៈអនុស្សរណៈយោគយល់នេះ នឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន ដែលបានអនុវត្តន៍។
សម្រាប់រយៈពេល១០ខែ គឺកើនបាន ១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕






