ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន លើការវិនិយោគផលិតចំណីសត្វនៅកម្ពុជា ដើម្បីបង្កើនវត្ថុធាតុដើមក្នុងស្រុក កាត់បន្ថយការចាំចូល។ ការបញ្ជាក់របស់ រដ្ឋមន្ត្រីកសិកម្មនៅពេលនេះ គឺនៅគ្រាដែល ឯ.ឧ បានអញ្ជើញចុះពិនិត្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ដែលបានបោះទុនរាប់លានដុល្លារ ដើម្បីផលិតចំណីសត្វ។
ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមានអាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វ ដូចជាមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ។
យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០ តោន ក្នុងនោះមាន ចំណីមាន់សាច់ ៩ ០០០តោន ចំណីមាន់ស្រុក ២៨ ០០០តោន។ ក្នុងនោះចំណីមាន់យកពង ១០ ០០០តោន ចំណីជ្រូក២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។
ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន ពោត ២០ ០០០តោន សណ្តែកសៀង ១២ ០០០តោន ដំឡូងមីស្ងួត ៦ ០០០ តោន ចុងអង្ករ ១.៨០០តោន កន្ទក់ ១៤ ៤០០តោន ថ្មកំបោរ៣ ០០០តោន និងម្សៅត្រី៦០០តោន។
បចុប្បន្ន ក្រុមហ៊ុនមានបុគ្គិលិក និងកម្មករ សរុបចំនួន២៥០នាក់ មានជំនាញគណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នកវេច្ចខ្ចប់ និងអ្នកបញ្ចេញទំនិញ។
ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកំលាំងផលិតក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន៕






