ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្ងាចថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធ ផលនៃកិច្ចប្រជុំលើកទី៧៥ ដល់ថ្នាក់ដឹកនាំក្រសួងសុខា ភិបាល ដោយកិច្ចប្រជុំសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំឡើងក្នុងគោលបំណងរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។
លើសពីនេះ កិច្ចប្រជុំបានពិភាក្សាស្វែងរកកាលានុវត្តភាព ដើម្បីដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា «មានតែការឆ្លុះបញ្ចាំងរួមគ្នា ប៉ុណ្ណោះ ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រហាក់ប្រហែលនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជា បានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជម្រាបពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ ទៅលើប្រធានបទសំខាន់ៗជាអាទិភាពមួយចំនួន ដូចខាងក្រោម៖
១) ការប្រែប្រួលអាកាសធាតុ
២) ហិរញ្ញប្បទានសុខាភិបាល (Health Financing)
៣) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care)
៤) ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)
៥) សុខភាពមាត់ធ្មេញ (Oral Health)
៦) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង និងជំងឺមិនឆ្លង
៧) សុខាភិបាលឌីជីថល (Digital Health)។
កិច្ចប្រជុំគណៈកម្មាធិការតំបន់លើកទី៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន៣៧ ប្រទេស/ដែនដី និងដៃគូអភិវឌ្ឍន៍នានា៕
អ៊ួង សុភារុន






