ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ ២០២០ ចូលជួបនិងផ្តល់អនុសាសន៍មុនពេលចេញ ដំណើរទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តមបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុ បណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុនពិតជាមាន កម្រិតខ្ពស់ និងជាប្រទេសឈាន មុខផ្នែកបច្ចេក វិទ្យា ដែលក្មួយៗត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសយើងវិញនាពេលខាងមុខ។
បើតាម លោក ឈាង សុភា ប្រធានក្រុមបេក្ខជនជ័យ លាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ បានលើកឡើងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋា ភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថាJDS បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានបញ្ជូននិស្សិតកម្ពុជា៤១៦ រូប ទៅកាន់ប្រទេសជប៉ុនរហូតដល់ពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបីឆ្នាំចុងក្រោយនេះ មានថ្នាក់បណ្ឌិតផងដែរ ដោយមួយឆ្នាំៗមានបេក្ខជនបណ្ឌិត ២រូប។
ចំពោះយុវជនទាំង២៤រូបដែលទទួលបានអាហារូប ករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ សុទ្ធតែជាមន្ត្រីរាជការមកពីក្រសួងស្ថាប័នរបស់រដ្ឋ រីឯជំនាញអាទិភាពដែលត្រូវសិក្សានៅជប៉ុនរួមមាន ជំនាញអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ, ជំនួយអភិវឌ្ឍវិស័យឯកជន, ជំនាញអភិវឌ្ឍគុណភាពអប់រំ, ជំនាញអភិវឌ្ឍកសិកម្ម និងជនបទ, ជំនាញអភិវឌ្ឍបរិស្ថានរស់នៅទីក្រុង, ជំនាញអភិវឌ្ឍប្រព័ន្ធសុខុមាលភាព និងធានារ៉ាប់រងសង្គម ,ជំនាញអភិវឌ្ឍមុខងាររដ្ឋបាល, ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ, ជំនាញទំនាក់ទំនងអន្តរជាតិ។
សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីអាហារូបករណ៍ ផ្តោតសំខាន់លើមន្រ្តីវ័យក្មេងដែលមានសមត្ថភាព និងមានស្មារតីចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចំរើនកាន់តែប្រសើរឡើងនាពេលអនាគត ព្រមទាំងចូលរួមក្នុងការពង្រីក និងពង្រឹទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិត រមូតបន្ថែមទៀត៕






