រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរ ពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លម់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុចា។
ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជា ណាចក្រកម្ពុជា ដែលមានសន្ដិភាពពេញលេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ឲ្យមន្ទីរពេទ្យគ្រប់កម្រិត ត្រូវត្រៀមរៀបចំក្នុងការព្យាបាលជំងឺឆ្លង ដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារាល់ឆ្នាំ ដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់។ ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារ ដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានា ដោយសហការជាមួយនឹងក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនថ្នាក់ដឹក នាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាពទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ ក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមយ៉ាងមុតមាំថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស៕
អ៊ូង សុភារុន






