ភ្នំពេញ ៖ ឯ.ឧ. វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា នាំចូលចំណីសត្វស្ទើរតែជិត ៥០ភាគរយ ខណៈការផលិតក្នុងស្រុកនៅតែមានតម្លៃថ្លៃខ្ពស់។ ឯ.ឧ. បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំតុមូលស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជន។
យោងតាមឯ.ឧ. វេង សាខុន ប្រទេសកម្ពុជានាំចូលទាំងចំណីសត្វ និងផលិតផលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វ មានតម្លៃចន្លោះពី ២៥០លានដុល្លារទៅ ៣០០ លានដុល្លារក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ១៧ កំពុងវិនិយោគលើចំណីសត្វនៅក្នុងប្រទេស។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកក្កដា ក៏បានស្នើឱ្យវិនិយោគិនក្នុងស្រុក វិនិយោគលើរោងចក្រកែច្នៃចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូល ដោយរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តមួយចំនួនសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគលើវិស័យនេះ ៕





