គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ដើម្បីបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ដោយលើកយកនូវរបៀបវារៈតែមួយ មកពិនិត្យនិងអោយយោបល់ គឺសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
បើតាម ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នាព្រឹកថ្ងៃទី១០ខែតុលានេះថា ច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ លើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា លើគ្រប់វិស័យជាពិសេសលើការធ្វើពាណិជ្ជកម្មក្នុងតំបន់និងពិភពលោកកាន់តែទូលំទូលាយ និងប្រសើរឡើងថែមទៀត។
ឯកឧត្តមបញ្ជាក់ថាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតធនធានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងប្រទេសនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត។
ឯកឧត្តមអ្នកនាំពាក្សបានអំពាវនាវដល់ក្មួយៗយុវជនយុវនារីបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រលើគ្រប់ជំនាញ ដើម្បីក្លាយធនធានដ៏មានសក្កដានុពលក្នុងការចូលរួមបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែសម្បូររុងរឿងថែមទៀត។
ឯកឧត្តម ម៉ម ប៊ុននាង បានរំលឹកថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការផ្តល់ការអប់រំនៅគ្រប់កម្រិត ជាពិសេសការបណ្តុះបណ្តាលចំណេះជំនាញដល់យុជនមន្រ្តីរាជការដើម្បីបង្កើននូវសមត្ថភាពបំពេញតម្រូវការការងារ កាត់បន្ថយការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស តាមរយៈការគៀងគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ ក៏បានយកចិត្តទុកដាក់លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅគ្រប់សហគមន៍ ដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយគ្មានអាហារ និងការព្យាបាលនោះឡើយ។
ឯកឧត្តមបន្ថែម ក្រោយច្បាប់នេះចេញជាធរមាននឹងកាន់តែធ្វើឱ្យមានភាពល្អប្រសើរថែមទៀត សម្រាប់ការវិនិយោគលើគ្រប់វិស័យទាំងក្នុងប្រទេស ក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ៕ដោយ៖ សំអាត និង ពិសិដ្ឋ






