នៅព្រឹកថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចការអាស៊ាន ជាពិសេសការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងតំបន់អាស៊ាន ឱ្យក្លាយជាចំណុចស្នូលនៃកំណើន ឱ្យស្របទៅនឹងមូលបទរបស់ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ៕