កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយយុវជនម្នាក់ទៀត និងក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលភ្លាមៗខណៈដែលក្រុមជនរងគ្រោះជិះម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿងត្រូវបានរថយន្តប្រភេទដឹកទំនិញ បុកពីក្រោយពេញទំហឹងកាលពីវេលា ម៉ោង០៧និង០៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤១ត្រង់ ចន្លោះគីឡូម៉ែត្រលេខ១០ទៅលេខ១១ នៅចំណុច ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយ រថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្ត (កូរ៉េ)ដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F.5127 អ្នកបើកបរមានឈ្មោះ នួន ជីម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកបររថយន្ត (របួសស្រាល) រស់នៅក្នុង ភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន បើកបររថយន្តតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយបុរសវ័យ ចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ម៉ូតូសណ្តោងរុឺម៉កម៉ាកសាន់យ៉ាន់ ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ឡឹក វណ្ណះ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសធ្ងន់) ដឹកមនុស្សចំនួន០២នាក់ពីក្រោយទី០១ឈ្មោះឡឹក ឌីណា ភេទប្រុស អាយុ០៦ឆ្នាំ (របួសធ្ងន់) ទី០២ឈ្មោះ កែវ ម៉ារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជាកសិករបាន(ស្លាប់)ភ្លាមៗនៅកន្លែងកើតហេតុ អ្នកទាំង០៣រស់ នៅភូមិតាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺជាមួយគ្នា ដែលកំពុងបើកបរស្របទិសគ្នា។
ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងហើយ ចំពោះសពបាន ប្រគល់ជូនក្រុមគ្រួសារយកទៅឆ្វើបុណ្យតាមប្រពៃណី អ្នករបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង។ ចំណែក អ្នកបើកបររថយន្តបានឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវីធី។ រថយន្តខូចធ្ងន់ និងម៉ូតូខូចស្រាល ចំពោះវត្ថុតាងទាំង០២គ្រឿង បានយកមករក្សារទុកនៅ ផ្នែកចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការពេលក្រោយតាមនិតិវិធី៕ អ៊ុ ណូន