ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រីចំនួន០២នាក់ បានរងរបួសបាក់ជើង ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ដោយសារតែរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខ.ម បើកលឿន បុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៦និង១៥នាទី ល្ងាចថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣ ទៅលេខ៤ ក្នុងភូមិតាម៉ុស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូបើកបញ្ជ្រាសទិសគ្នា បង្ករដោយរថយន្តម៉ាកតូយ៉ូតា (មួយបាំងកន្លះ) ពណ៍ខ្មៅពាក់ស្លាកលេខ ខ.ម05 2-8420 បានបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន អ្នកបើកបរឈ្មោះ ឈុន ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-1983 បើកពីកើតទៅលិច ដោយបុរសឈ្មោះ អ៊ុ វ៉ុន អាយុ30ឆ្នាំ នៅភូមិព្រៃសំរោង ឃំុទ័ពមាន ស្រុកថ្ពង រងរបួសធ្ងន់បាកជើងខាងឆ្វេង និងស្រ្ដីរួមដំណើរ ឈ្មោះ ជែល រី អាយុ36ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។
ក្រោយកើតហេតុ នគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុភ្លាមៗ។ ចំពោះវត្ថុតាងបានប្រគល់ជូនចរាចរណ៍ខេត្តកំពង់ស្ពឺ ដោះស្រាយតាមនិតីវិធី៕ អ៊ុ ណូន










