ខេត្ដព្រៃវែង ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុករួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង9និង30នាទី ព្រឹកថ្ងៃទី31 ខែកក្កដា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ75.76 ស្ថិតក្នុងភូមិក្រសាជេត, ឃុំរំចេក, ស្រុកព្រះស្តេច, ខេត្តព្រៃវែង។
បើតាមប្រភពព៌ត៌មាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចខាងលើ ក៍បានជ្រុលចង្កូត ទៅបុកជាមួយម៉ូតូ១គ្រឿង ម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ “ស្វាយរៀង”1I.9450 ដែលកំពុងបើកបរច្រាស់ទិសគ្នា ពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូម្នាក់ ដែលគេស្គាល់ថាឈ្មោះ ស៊ាន សំណាង ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិប្រាសាទ, ឃុំប្រាសាទ, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីបង្កឲ្យមានមនុស្សស្លាប់ហើយ ភាគីរថយន្តមិនបានឈប់ទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍រំចេកបណ្តោះអាសន្ន៕ (សុឹម សាន់)









