សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឲ្យគ្រឹះស្ថានសិក្សាទាំងអស់ បន្តពង្រឹងគុណភាពនៃការបង្រៀន និងខិតខំ អភិវឌ្ឍសមត្ថភាព ដើរឲ្យទាន់សម័យបច្ចេកវិទ្យាឌីជីថល។
ការបញ្ជាក់របស់ សម្តេចតេជោ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យា ល័យពុទ្ធិសាស្ត្រសរុប៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ សីហា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៏ថា កម្ពុជាកំពុងវិវត្តខ្លួនយ៉ាងលឿនរហ័ស ក្នុងការចាប់យកបច្ចេក វិទ្យាឌីជីថល ក្នុងបរិបទនៃជំងឺឆ្លងកូវីដ១៩។
ភាពជោគជ័យនៃបច្ចេកវិទ្យានេះ ហើយបានធ្វើឲ្យកម្ពុជា អាចបន្សាំខ្លួន និងធ្វើការទោះក្នុងពេលវិបត្តិនៃការឆ្លងរីក រាលដាលជំងឺកូវីដនាពេលកន្លងទៅ ជាពិសេសក្នុងវិស័យអប់រំ ដែលបានបង្ក លក្ខណៈងាយស្រួល និងផ្តល់ឱកាសសម្រាប់សិស្សរៀនសូត្រ។
សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងវិបត្តិ តែងតែបង្កប់នូវឱកាស គឺឱកាសក្នុងការចាប់យក អ្វីដែលថ្មី ដូចជាបច្ចេកវិទ្យានេះតែម្តង។ សម្តេចតេជោ បានសង្កត់ធ្ងន់ដែរថា មន្ត្រីរូបណាក៏ដោយដែលមិនចេះបច្ចេកវិទ្យាក្នុងការចាត់ចែងការងារទេ គឺមិនត្រូវ បានលើកទឹកចិត្តក្នុងការតម្លើងតួនាទី រឺឋានៈនោះឡើយ។
ឯ.ឧ សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឱ្យដឹងថា បច្ចុប្បន្ន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ មាននិស្សិតដែលកំពុងសិក្សាមានចំនួន ២,១៤៨នាក់ នារី១,២៧៩នាក់។ គិតចាប់ពីឆ្នាំសិក្សា ឆ្នាំ២០០៦-២០០៧ ដល់ឆ្នាំសិក្សា ២០២១-២០២២ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យមានចំនួន ៤,០៤៦នាក់ នារី២,៣២៤នាក់។
យោងតាមការស្ទង់មតិបានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកមានការងារធ្វើមានជាង ៩៦ភាគរយ៕
សំ វណ្ណា







