(ខេត្តកំពង់ចាម,ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១)៖ ប្រជាពលរដ្ឋរស់នៅស្រុកកងមាស និងស្រុកស្រីសន្ធរ សរុបជាង២០០នាក់ ក្នុងនោះរួមមានចុងភៅ ជាងថតរូប ភ្ញៀវការ ព្រមទាំងសាច់ញាតិកូនក្រមុំនិងកូនក្រមុំនិងកូនកំលោះ ដែលបានចូលរួមក្នុងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស
លទ្ធផលនៃការធ្វើតេស្តជំហានទី១នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ គឺអវិជ្ជមានទាំងអស់ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០១មីនា ២០២១។
ទោះជាបែបណាក្តី ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺcovid-19 បានដាក់ផែនការក្តៅឲ្យអាជ្ញាធរស្រុកនិងជំនាញសុខាភិបាលចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីបង្ការកុំឲ្យជំងឺcovid ឆ្លងចូលក្នុងសហគមន៍។
លោកភោគ សាវុធ អភិបាលស្រុកកងមាសប្រាប់ឱ្យដឹងថា:ប្រជាពលរដ្ឋ នៅ ភូមិកោះតូច បានរៀបមង្គលការកូនប្រុសស្រីកាលពីថ្ងៃទី២១កុម្ភៈកន្លងទៅ ដោយមានភ្ញៀវជិតឆ្ងាយរួមទាំងប្រជាពលរដ្ឋក្នុងភូមិបានចូលរួមជាច្រើនកុះករ។ ក្នុងនោះក៏មានអ្នកកើតជំងឺcovid ម្នាក់នៅរាជធានីភ្នំពេញ បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ តែភ្លាមៗមិនបានចាប់អារម្មណ៍ឡើយ។
អភិបាលស្រុកកងមាស ប្រាប់បន្តឲ្យដឹងទៀតថាក្រោយមកពេលដែលមានជំងឺ covid បានផ្ទុះឡើងក្នុងសហគមន៍២០កុម្ភៈ ពេលស្រាវជ្រាវគាត់ដឹងថាបុរសនោះបានមកចូលរួមមង្គលការគេនៅឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពីទទួលបានការណែនាំពីសំណាក់អភិបាលខេត្ត នាព្រឹកថ្ងៃទី២៧កុម្ភ: រូបលោកបានសហការជាមួយនឹងលោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះបេសកកម្មមកកាន់ភូមិកោះតូច ដោយស្រាវជ្រាវរកឃើញមានប្រជាពលរដ្ឋនៅក្នុងឃុំអង្គរបាន១១នាក់រួមទាំងភូមិដំណាក់ជ្រៃសរុប៨៧ នាក់ត្រូវបានយកសំណាកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។
ក្នុងនោះមានអ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន១២នាក់ ត្រូវបាននាំទៅដាក់នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម ក្រៅពីនេះត្រូវបានធ្វើចត្តាឡីស័កនៅតាមផ្ទះដោយមានការតាមដានហ្មត់ចត់ពីសំ ណាក់អាជ្ញាធរមូលដ្ឋានរួមជាមួយនិងក្រុមគ្រូពេទ្យ។
បន្ទាប់មកក្រុមការងារបានបន្តបេសកកម្មចុះទៅកាន់មណ្ឌលសុខភាពស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ដោយស្រាវជ្រាវរកឃើញអ្នកដែលពាក់ព័ន្ធក្នុងពិធីមង្គលការនៅភូមិកោះតូច ក្នុងនោះមានចុងភៅ អ្នករត់ទុក ជាងថតរូប អ្នកសំអាងការ ត្រូវបានប្រមូលយកសំណាកជាបន្តបន្ទាប់។ សូមបញ្ជាក់ថានៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយបានបញ្ជាក់អ្នកដែលពាក់ព័ន្ធក្នុងនោះមាន៖
១.ឪពុកម្ដាយកូនក្រមុំដែលបន្ទាប់ពីថ្ងៃមង្គលការរួចបានត្រឡប់ទៅរាជធានី
ភ្នំពេញវិញនិងស្នាក់នៅម្ដុំក្រោយមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
២.ឪពុកម្ដាយកូនកំលោះបានត្រឡប់ទៅស្រុកកំណើតវិញនៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣.កូនកំលោះកូនក្រមុំនិងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។
៤.អ្នករួមតុជាមួយផ្ទាល់មាន: ក្រុមអ្នកសំអាងការអ្នកថតរូប រស់នៅភូមិព្រៃទទឹងនិងភូមិវាលស្បូវឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋចំនួនពីរនាក់ទៀតរស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ។
៥.ចុងភៅ អ្នកលើកម្ហូបនិងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុកស្រុកស្រីសន្ធរ។
ជាមួយនោះអាជ្ញាធរស្រុកកងមាស ក៏បានចាក់សារជាសំឡេងតាមមេក្រូ នៅ គ្រប់ឃុទាំងអស់នៃស្រុកកងមាស ដោយឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់និងអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហកធ្វើយ៉ាងណាទប់ស្កាត់ដើម្បីកុំឲ្យជំងឺcovid ឆ្លងចូលក្នុងសហគមន៍។
ដោយឡែកលោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថាក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលបានចុះ
ទៅស្រាវជ្រាវរកអ្នកដែលពាក់ពន្ធ័ជាមួយពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ដែលមានបុរសម្នាក់មកពីទួលសង្កែ ក្រុងភ្នំពេញថ្ងៃទី២១កុម្ភៈ ពេលត្រឡប់ទៅវិញថ្ងៃទី២៣កុម្ភៈ ពិនិត្យសំណាកឃើញវិជ្ជមានជំងឺកូវីដ-១៩។
ដោយទទួលបានការណែនាំពីសំណាក់អភិបាលខេត្តនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រុមការងារ របស់លោកបានចុះស្រាវជ្រាវជាបន្ទាន់ មកកាន់ស្រុកកងមាសនិងស្រុកស្រីសន្ធរ បានយកសំណាកប្រជាពលរដ្ឋសរុបចំនួន២២៣នាក់។ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់មានចំនួន ២១នាក់បាន យកពួកគាត់មកចត្តាឡឺស័ករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម។ ចំពោះលទ្ធផលពលរដ្ឋជាង ២០០នាក់ ចេញដោយវិទ្យាស្ថានបាស្ទ័រ គឺអវិជ្ជមានទាំងអស់មិនមានផ្ទុក កូវីដ ១៩នោះទេ នេះជាជំហានទី១ដោយរង់ចាំការធ្វើតេស្តជាលើកទី២បន្តទៀត ជាមួយនោះពួកគាត់តម្រូវឲ្យធ្វើចត្តាឡីស័កដដែល៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)






