តបតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Sara Minakara ទីប្រឹក្សាពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិជនមានពិការភាព ដើម្បីជជែកពីការពង្រឹងសិទ្ធិជនមានពិការភាពនៅទូទាំងអាស៊ាន។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញឱកាសស្មើគ្នា និងបង្កើនការទទួលបានសិទ្ធិកាន់តែទូលំទូលាយសម្រាប់ជនដែលមានពិការភាព។






