នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Sarah Al Bakri Devadason បានជូនសារតាំងជា តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងការជួបសំដែងការគួរសម ដែលបានប្រព្រឹត្តទៅបន្ទាប់ពីការជូនសារតាំង ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអបអរសាទរ លោកជំទាវ Sarah Al Bakri Devadason សម្រាប់តួនាទីថ្មីរបស់គាត់ និងបានបង្ហាញទំនុកចិត្តចំពោះសមត្ថភាពរបស់លោកជំទាវ ក្នុងការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់ ដោយសារវាហ៊ុំព័ទ្ធទៅដោយព្រឹត្តិការណ៍សំខាន់ៗដូចជា ការពិនិត្យឡើងវិញចុងក្រោយនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាមួយនឹងផែនការយុទ្ធសាស្ត្រចំនួន ៤ របស់សសរស្តម្ភសហគមន៍អាស៊ាន និងការតភ្ជាប់អាស៊ាន។ លើសពីនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការធ្វើសហប្រធានក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ទន្ទឹងធ្វើទស្សនកិច្ចការងារទៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ដើម្បីជួបជាមួយបណ្តារដ្ឋមន្ត្រីសំខាន់ៗ នៃសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន ដើម្បីជួយគាំទ្រចំពោះការត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ របស់ម៉ាឡេស៊ី។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា ពីឆ្នាំ២០២១ ដល់ ២០២៤ ហើយបានកត់សម្គាល់ថា ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៧ ម៉ាឡេស៊ី នឹងទទួលភារកិច្ចជាប្រទេសសម្រប សម្រួល សម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់សាជាថ្មី ចំពោះការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវតំណាងអចិន្ត្រៃយ៍ និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ម៉ាឡេស៊ី ប្រចាំអាស៊ាន ហើយបានជូនពរឱ្យលោកជំទាវ ទទួលបានជោគជ័យក្នុងតួនាទីថ្មី។
លោកជំទាវ Sarah គឺជាតំណាងអចិន្ត្រៃយ៍ទី ៦ របស់ម៉ាឡេស៊ី ប្រចាំអាស៊ាន ចាប់តាំងពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោកជំទាវ Sarah ធ្លាប់ធ្វើជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំអាល្លឺម៉ង់ ពីឆ្នាំ២០១៧ ដល់ ២០២០ និងជាតំណាងអចិន្ត្រៃយ៍រងម៉ាឡេស៊ី ប្រចាំអាស៊ាន ពីឆ្នាំ២០១០ ដល់ ២០១៣។






