មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទេ ខេត្តសៀមរាបសហ ការ ជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរឹបអូសរថយន្តមួយគ្រឿង និងរកឃើញសត្វសុនខចំនួន៦១ក្បាល ដែល គេដឹកបម្រុង យកទៅសម្លាប់នៅខេត្តកំពង់ចាម ។
អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS (ហ្វ័រ ផរ ) បានរាយការណ៍ថា បន្ទាប់ពីការស្ទាក់ចាប់សត្វសុនខទាំងអស់ ដែលត្រូវបានយកចេញពីទ្រុង ដែលចង្អៀតនោះ ហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ ។
អង្គការបានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia ( ផរ ផាត្រូល ខេមបូឌា ) និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ។ បច្ចុប្បន្នក្រុមគ្រូ ពេទ្យបសុពេទ្យ កំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំង អស់ដែលរងរបួស។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានលើក ឡើងថា ភាគច្រើនសត្វឆ្កែទាំងនោះ ជាសត្វឆ្កែវ័យតូចៗហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំង និងការខះជាតិទឹក។
លោកស្រីឱ្យដឹងទៀតថា នៅមិនទាន់ច្បាស់ទេថា តើឆ្កែទាំងនេះស្ថិតនៅក្នុងឡាន ឬនៅកន្លែងរង់ចាំអស់រយៈ ពេលប៉ុន្មាននោះទេ មុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំង អស់នោះមានសភាពឃ្លានខ្លាំងណាស់ ដែលភាគច្រើនមើល ទៅមិនបានស៊ីអាហារច្រើនថ្ងៃមកហើយ។ បច្ចុប្បន្នយើងកំពុងរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ឆ្កែទាំងនោះ ហើយ និងមើលថែរហូតដល់យើងរកបានផ្ទះថ្មីសម្រាប់ពួក គេ។
លោកស្រីបន្តថា យើងសង្ឃឹមថាការស្ទាក់ចាប់លើកដំបូងនេះ នឹងផ្ញើសារច្បាស់ៗ ទៅកាន់អ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាថាការជួញដូរសាច់ឆ្កែនាពេលអនាគតនឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ”។
យោងតាមការស៊ើបអង្កេតទូទាំងប្រទេស របស់អង្គការ FOUR PAWS នៅកម្ពុជា បានបញ្ជាក់ថា មុនពេលបម្រាមហាមឃាត់សាច់ឆ្កែ ដែលបានអនុម័តនៅខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ នៅខេត្តសៀមរាបចូលជាធរមាន មានឡានទ្រុងទួរីសដឹកសត្វឆ្កែរស់ប្រមាណ ៣.៧៥០ក្បាល ក្នុងមួយខែៗ ចេញពីខេត្តសៀមរាប ទៅកាន់កន្លែងសត្តឃាតនៅកំពង់ចាម កំពង់ធំ និងស្គន់ ជាកន្លែងដែលឆ្កែទាំងនោះត្រូវបានពន្លិចក្នុងទឹក ចាក់ក ឬចងកសម្លាប់ បោចរោមរបស់ពួកគេ ហើយត្រូវបានលក់ដោយអ្នកលក់ដុំទៅឱ្យភោជនីយ ដ្ឋានលក់សាច់សាច់ឆ្កែជាង ១០០កន្លែង នៅក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា អង្គការ ហ្វ័រផរ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាអរកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ ដោយការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ ដោយសារតែភាពសាហាវឃោរឃៅលើសត្វទាំងនោះ និងហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស។
ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែ និងឆ្មាយ៉ាងសាហាវនៅអាស៊ីអាគ្នេយ៍ដោយនិរន្តរភាព អង្គការ បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាក អន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ មនុស្សជាងមួយលាននាក់នៅទូទាំងពិភព លោកបានចុះហត្ថលេខាលើញត្តិរួចហើយដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា ៕






