ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association -KOIMA) បានចុះទស្សន កិច្ចស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជួយឱ្យគណៈប្រតិភូទាំងអស់ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីខ្សែច្រវាក់ផលិតកម្ម, ផលិតផលទំនិញនិងដំណើរការផ្សារ ព្រមទាំងសក្ដានុ ពលផ្សេងៗទៀតរបស់សហគ្រាសង៉ូវហេង ផងដែរ។
បឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិក រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងបន្ថែមទៀត។
ជាមួយគ្នានេះ លោក Jang Gyu-Hwa បានបង្ហាញពីគោលបំណង ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។
លោកបន្តថា KOIMA នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។
ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថា សិប្បកម្មរបស់គាត់ចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៥ គិតមកដល់សព្វថ្ងៃ មានអាយុកាល២៧ ហើយ។ សិប្បកម្ម បានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ រហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្ត កំពត នាឆ្នាំ២០០៣ ដោយបានទទួលគម្រោងអភិវឌ្ឍន៍ TDF ក្នុងឆ្នាំ២០០៩, ទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងបានបង្កើតផ្សារង៉ូវហេងកំពតក្នុងឆ្នាំ២០១៧, ទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយក ដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។
ឧកញ៉ាបានបន្តថា មូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុម ហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ មានចំនួន ៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២- អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។
ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអា ហារ ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិត ផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ។
សូមជម្រាបជូនថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេងមានដូចជា៖ ទឹកត្រីង៉ូវហេងកំពត ទឹកស៊ី អ៊ីវសៀងពិសេស ទឹកម្ទេស ទឹកប្រេងខ្យង និងទឹកសៀងពិសេស ដែលផលិតផលទាំងនេះបានដាក់លក់នៅតាមផ្សារទំនើបធំៗក្នុងប្រទេសដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបឡាក់គី ផ្សារទំនើបជីបម៉ុង ផ្សារទំនើបបាយ័ន ផ្សារម៉ាក្រូ និងផ្សារទំនើបដទៃទៀត៕