ប្រេស៊ីល ៖ អង្គការអភិរក្សសត្វព្រៃ WCS បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីអណ្តើក ទន្លេយក្សនៅអាមេរិកខាងត្បូង រាប់ពាន់ក្បាលដែលកំពុងញាស់ផុសចេញពីដីខ្សាច់។
អ្នកអភិរក្ស WCS ប្រេស៊ីលបាននិយាយថា ការញាស់កូនអណ្តើកទាំងនេះ បានកើតឡើងក្នុងរយៈពេលជាច្រើនថ្ងៃ។ អណ្តើកប្រមាណជា ៧១០០០ ក្បាលញាស់ចេញមក ក្នុងរយះពេលតែមួយថ្ងៃ បន្ទាប់មកអណ្តើក ២១០០០ ក្បាលផ្សេងទៀត ញាស់នៅពីរបីថ្ងៃ ក្រោយ។
ការបង្កើតកូនដ៏ច្រើនបែបនេះបានកើតឡើងនៅក្នុងតំបន់អភិរក្សជីវសាស្ត្រអាប៊ូហ្វារីដែលអ្នកអភិរក្សអង្គការ WCS ប្រេស៊ីលបានឃ្លាំមើលអណ្តើកញីពេញវ័យ និងសំបុករបស់ពួកវា មុនពេល អំឡុងពេល និងក្រោយពេលបង្កើតកូន។ អង្គការ WCS កំពុងសិក្សាពីលក្ខខណ្ឌសម្រាប់ការភ្ញាស់ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រង និងការពារប្រភេទសត្វដែលជិតផុតពូជនេះ ដែលបានរងផលប៉ះពាល់ដោយការជួញដូរសាច់ និងស៊ុតរបស់ពួកវា។
អណ្តើកទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ខាងអេកូឡូស៊ី ដោយសារសត្វអណ្តើកពង្រាយពួជជាច្រើន ដែលនៅទីបំផុតអាចជួយបង្កើតរុក្ខជាតិឡើងវិញ នៅតាមច្រករបៀងទន្លេ៕
ដោយ ៖ ម៉ាម៉ា






