តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី ២៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានជាមួយប្រទេសបូកបី លើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាននឹងអញ្ជើញផ្តល់សន្ទរកថាបើក និងធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីសេចក្តីសម្រេចសំខាន់ៗរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងវិស័យការងារ។
ក្នុងឱកាសស្នាក់នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹម ហួន ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មសិង្ហបុរី និងជាប្រធាន ALMM ក្នុងឆ្នាំ២០២៤-២០២៦ និងជាមួយឯកឧត្តម Bienvenido E. Laguesma រដ្ឋមន្ត្រីក្រសួងការងារ និងមុខរបររបស់ហ្វីលីពីន ផងដែរ។
កិច្ចប្រជុំ ALMM លើកទី ២៨ នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅក្នុងដំណើរការរបស់ ALMM ដោយសារវាស្របពេលជាមួយនឹងខួប ៥០ ឆ្នាំ ដែលកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបានប្រជុំលើកដំបូងក្នុងឆ្នាំ១៩៧៥ ហើយវាបានបម្រើជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហការថ្នាក់តំបន់ក្នុងពង្រឹងសុខុមាល ភាព និងភាពប្រកួតប្រជែងនៃកម្លាំងពលកម្មរបស់យើង៕






