ឡើងភ្នំ តោងវល្លិទៅមើលតំបន់ទឹកធ្លាក់ ផ្តិតយកទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិព្រៃភ្នំ ជួបជុំគ្នាបោះជំរំ និងទទួល យកបទពិសោធន៍ប្លែកៗពីកន្លែងដែលមិនសូវមានមនុស្សទៅដល់ គឺជាភាពទាក់ទាញដ៏សំខាន់នៃទេសចរណ៍បែបផ្សងព្រេង ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ នេះជាការបញ្ជាក់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
លោកបន្តថា ទន្ទឹមនឹងសក្តានុពលខាងផ្នែកសេដ្ឋកិច្ច តំបន់ទាំងនេះតែងរងផលប៉ះពាល់ជាអវិជ្ជមានខាងផ្នែកបរិស្ថាន អនាម័យ ភាពអនាធិបតេយ្យ និងការកេងយកផលចំណេញក្រោមរូបភាពផ្សេងៗ ក៏ដូចជាការកាប់ទន្ទ្រាន និងការបំផ្លាញធនធានធម្ម ជាតិ ដែលទាមទារឱ្យមានផែនការគ្រប់គ្រងឱ្យបានច្បាស់ លាស់ផងដែរ។
កន្លងមក ការគ្រប់គ្រងតាមបែបសហគមន៍គឺជាយន្តការដ៏មានប្រសិទ្ធភាព ដែលអាចធានានិរន្តរភាពនៃការងារនេះបាន ហេតុដូច្នេះហើយ បានជាក្រោយពីទទួលបានសំណូមពរពីសំណាក់បងប្អូនសហគមន៍នៅក្នុងមូល ដ្ឋាន ខ្ញុំបានដឹកនាំក្រុមការងារមួយក្រុមចុះទៅសិក្សាស្វែង យល់ពីតំបន់សក្តានុពលទេសចរណ៍ទាំងនេះ ដែលស្ថិតនៅតាមចម្រេះនៃជួរភ្នំគូលែន ក្នុងទីតាំងភូមិ សាស្ត្រតភ្ជាប់ភូមិសរសី នៃឃុំត្បែង ទៅនឹងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន។
សហគមន៍គ្រោងនឹងស្នើសុំបង្កើតសេវាមគ្គុទ្ទេសក៍ និងការផ្គត់ផ្គង់ម្ហូបអាហារ សម្ភារៈបោះជំរំ និងការធ្វើដំណើរជូនដល់អ្នកទេសចរដែលចង់មកកម្សាន្តតំបន់ទាំងនេះ ដោយផ្សារ ភ្ជាប់នឹងការទទួលខុសត្រូវលើការគ្រប់គ្រងសំរាមនិងអនាម័យ ការធានាសុវត្ថិភាពនៃការធ្វើដំណើរ ការកែលម្អផ្លូវធ្វើដំណើរនិងសោភ័ណភាព និងការអភិរក្សបរិស្ថានទប់ទល់នឹងការកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រាននានាផងដែរ។ ដោយហេតុតែតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន រដ្ឋបាលស្រុកនឹងធ្វើការសម្របសម្រួលបន្តទៀតជូនដល់បងប្អូននៅក្នុងសហគមន៍ ដើម្បីទទួលបានឱកាសប្រើប្រាស់ប្រកបដោយចីរភាព ដែលនឹងជួយបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងលើកស្ទួយជីវភាពប្រចាំ ថ្ងៃរបស់ពួកគាត់នៅក្នុងមូលដ្ឋានផងដែរ៕






