សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជំរុញឲ្យមានការធ្វើពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌអាហ្វតា ដើម្បីផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក ពិសេសក្នុងក្រប ខណ្ឌ RCEP។
ក្នុងឱកាសអនុញ្ញាត ឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដឹកនាំដោយលោកជំទាវ មេ ហ្វេលសា អាសម៉ាត់ ណារិនឌីន រដ្ឋលេខាប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រ៊ុយណេដារ៉ូសាឡឹម ចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកដំណើរការប្រទេសឡើងវិញ និងបានបើកកិច្ចប្រជុំដោយផ្ទាល់ ដែលសបញ្ជាក់ឲ្យឃើញថាជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គតទៅទៀតទេ។
អ្វីដែលជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមរុស្ស៊ី-អ៊ុយ ក្រែន ដែលកំពុងបង្កឲ្យមានភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ច កើតចេញពីការដាក់ ទណ្ឌ កម្មលើប្រទេសរុស្ស៊ី។ ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់អឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ុន្តែបានប៉ះពាល់ទាំងសេដ្ឋកិច្ច នៅក្នុងតំបន់រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ បានរំលេចចេញនូវកាលានុវត្តន៏ភាពថ្មី ខាងសេដ្ឋកិច្ច ជាមួយនឹងការកើនឡើង លើវិស័យពាណិជ្ជកម្មក្នុងតំបន់។ ជាអាថ៌ការកើនឡើងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ពាណិជ្ជកម្មកម្ពុជា -ថៃ កម្ពុជា ជាមួយឡាវ និងប្រទេសក្នុងតំបន់ផ្សេងទៀត។
នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែង ប្រាប់អ្នកយកព័ត៌មាន នៅក្រោយជំនួប។ លោកជំទាវ មេ ហ្វេលសា អាសម៉ាត់ ណារិនឌីន រដ្ឋលេខាប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រ៊ុយណេដារ៉ូសាឡឹម បានគោរពសម្ដែងការអរគុណចំពោះសម្ដេចតេជោ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្ត សៀមរាប៕
សំ វណ្ណា






