តាមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមាន ឱកាសបានឈប់សម្រាក នាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកប ដោយសុវត្ថិភាព។

ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។
សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូល រួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរនៅក្នុងពេលឈប់សម្រាកដែលមានរយៈពេល ៥ថ្ងៃកន្លងមកនេះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាង ល្អ និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩អោយសោះ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់៕