សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ការបង្ហាញការពេញចិត្តនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមាន៧មករា ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។
ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរព ច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញ ទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ជម្រុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់គ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់និងទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើក ឡើងរបស់ភាគីមិត្តឡាវ ក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យប្រទេសយើងទាំងពីរជំរុញកាន់តែខ្លាំងឡើង នូវកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ដោយរួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លងដែន។ល។ តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សម្ដេចតេជោ ហ៊ុន សែន បានសូមគោរពអញ្ជើញឯកឧត្តម ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលសមស្របខាងមុខនេះ៕






