សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តផ្តល់ថវិកាជាង ៧០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ។ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០។
លើផេកដដែលបានសរសេរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧០ ០៤០ ០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨០គ្រួសារ រស់នៅក្នុងស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។
គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២០ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤ ៩៤២ គ្រួសារ។
ដោយឡែក ចាប់ពីថ្ងៃទី ០១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០ ៥៩៣គ្រួសារ រស់នៅភូមិចំនួន ១ ០៤១ ឃុំចំនួន៤៤៨ ស្រុក ចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤ ៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥ ៦០៧គ្រួសារ៕






