(សៀមរាប)៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ១.៧៩លាននាក់ កើនឡើងជាង៨៨៦ភាគរយ ធៀបរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំរបស់សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «រយៈពេល១០ខែឆ្នាំ ២០២២ ខេត្តសៀម រាបទទួលបានទេសចរសរុបចំនួន ១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។
ឯកឧត្ដមបានបន្តថា ក្នុងចំណោមទេសចរសរុបទាំង ១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន ១,៦២៣,២០០នាក់ កើន ឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន ១៦៩,៣៤៩នាក់ កើន ឡើង២២២៤. ៣០%។
ឯកឧត្ដមរដ្ឋមន្ត្រី បន្ថែមថា តាមការព្យាករណ៍សម្រាប់ រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង ២.២៧លាននាក់ កើនឡើងជាង ៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។
គួរជម្រាបថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំ ណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង ២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន កម្ពុជារំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ នៅឆ្នាំ ២០២២នេះ៕






