សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មានអតិរេកថវិកាជាង៣៥០លានដុល្លារ ក្នុងឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ កម្ពុជា កំពុងប្រឈមបញ្ហាអតុល្យភាពនៃផលិតផលដែលផលិត បាន និងកង្វះទីផ្សារនាំចេញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា ឆ្នាំ២០២២ នេះ កម្ពុជា មានអតិរេកសាច់ប្រាក់ប្រមាណ៣៥០លានដុល្លារអាមេរិក សម្រាប់ ចំណាយចរន្ត ប៉ុន្តែធៀបមុនពេលកូវីដ១៩ គឺមានចំនួនតិចនៅឡើយ។
កាលពី ផ្ទុះជំងឺរាតត្បាតកូវីដ១៩ កម្ពុជា អាចទទួលចំណូលបានជាង៥០០លានដុល្លារ អាមេរិក ទើបរាជរដ្ឋាភិបាលយកប្រាក់សន្សំទាំងនោះ ទៅវិភាជន៏ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
កម្ពុជា បានប្រើប្រាស់ថវិកាសន្សំជាង២០០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិ បត្តិកូវីដ១៩ និងផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារ វិបត្តិកូវីដ១៩។
ទោះយ៉ាងណាបញ្ហាប្រឈមរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺអតុល្យភាពនៃ ផលិតផលដែលផលិតបាននៅស្រុក បែរជួបការលំបាក ក្នុងការផ្នែកទីផ្សារ លើ ការនាំចេញ។
ដូច្នោះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងស្វែងរក ទីផ្សារកសិកផលតាមរយៈការចរចា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដើម្បីនាំយកផលិតផល កសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថា ចំណូលពន្ធរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ កើនឡើង៦៤៨លានដុល្លារ ស្មើនឹង២៥,២៩% បើធៀបនឹងរយៈពេលដូចគ្នានេះនៅឆ្នាំ២០២១ និងចំពោះចំណូលពន្ធប្រចាំខែវិច្ឆិកា នៅឆ្នាំ២០២២ កើនឡើង ២៣,៤៦ លានដុល្លារ ស្មើនឹង៩,៦០% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១។
នៅខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទដែលប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យមានប្រមាណ ២៦៧,៩៨លានដុល្លារ ស្មើនឹង ៩,៥០% នៃផែនការស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
រីឯសរុបរយៈពេល១១ខែ ឆ្នាំ២០២២ ពន្ធដារប្រមូលបានជាក់ស្តែងប្រមាណ ៣២១៤លានដុល្លារ ស្មើនឹង ១១៣,៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២៕






