សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។ នេះបើតាមសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខ។
នេះជា ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជាសម្លេងផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១២ កញ្ញានេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា តែងផ្តល់ជូនកាដូនេះ ជូន ប្រជាពលរដ្ឋរស់នៅភ្នំពេញ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន សាច់ញាតិ នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ប៉ុន្តែការផ្តល់ត្រូវបាន អាក់ខានមួយរយៈ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០២២៕






