សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានរងរបួស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ ២០២៤ នេះ ពីករណីក្រឡាប់រថយន្តពីរគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។
រថយន្តប្រហែល៣០គ្រឿង បានបុកគ្នាពីមួយទៅមួយនៅម៉ោងប្រហែល៥ និង ២៤នាទីព្រឹកម៉ោងក្នុងស្រុក នៅលើស្ពានមួយក្នុងទីក្រុង សេជុងចម្ងាយប្រហែល១១០គីឡូម៉ែត្រ ភាគខាងត្បូង នៃរដ្ឋធានីសេអ៊ូល។
អ្នកបើកបរទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសស្រាល។ គ្រោះថ្នាក់មួយ ទៀត ដែលពាក់ព័ន្ធនឹងយានយន្តចំនួន៨ បានកើតឡើងនៅម៉ោងប្រហែល ៦:២៧នាទីព្រឹក ម៉ោងក្នុងស្រុកនៅលើស្ពានដាច់ដោយឡែកមួយក្នុងទីក្រុងសេជុង (Sejong )។
មនុស្ស៩នាក់បានរងរបួសស្រាលពីគ្រោះថ្នាក់នេះ។ គួរបញ្ជាក់ថា ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព