សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ដើម្បីពង្រីកធនធាន លើការបណ្តុះបណ្តាលជំនាញឲ្យបានកាន់តែច្រើនថែមទៀត។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ចាប់ពីឆ្នាំ ២០២៣ នេះ រដ្ឋាភិបាលនឹងផ្ដល់ថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រចំនួន១លាន ៥សែននាក់ ដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ខែថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺបានផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះ បណ្ដាលវិជ្ជាជីវៈផងដែរ។
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយដោះស្រាយការងារធ្វើបានយ៉ាងច្រើន និងងាយស្រួលស្វែងរកការងារធ្វើនៅពេល ប្រជាពលរដ្ឋ មានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍។
សូមជម្រាបកាលពីខែមករាកន្លងទៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងការងារ រៀបចំផ្តល់ការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមា ១លាន ៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះ បណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
សម្ដេចតេជោ បន្ដថា កម្មវិធីនេះ រាជរដ្ឋាភិបាល នឹងរ៉ាប់រងសម្រាប់សិស្សទទួល ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ប៉ុន្ដែផ្ដល់ប្រាក់ ឧបត្ថម្ភឲ្យគាត់បន្ថែមទៀត ដោយធ្វើយ៉ាងណាបណ្ដុះ បណ្ដាលធនធានមនុស្សនៅកម្ពុជា៕






