យោងតាមកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។
ឯ.ឧ. ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាបថា ការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ។
ប្រភេទផ្លូវទាំង ៤រួមមាន ប្រភេទទីមួយចាក់បេតុងចំនួន ២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
ឯ.ឧ. រដ្ឋមន្ត្រី បានឱ្យដឹងថា អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន ៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម ១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។
សូមជម្រាបថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ដំណើរការរបស់ខ្លួនយោងតាមការចាំបាច់ ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀតប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ៕